ថ្ងៃព្រហស្បតិ៍ ទី៣០ ខែតុលា ឆ្នាំ២០៥០
ទំនាក់ទំនង ចាងហ្វាងការផ្សាយ តេម ស៊ុយ​ ទូរស័ព្ទ .015 88 56 41 / 010 47 90 93 / 012 76 47 88
សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតអបអរសាទរ ជូននាយករដ្ឋមន្ត្រីទីម័រឡេស្តេ ដែលបានចូលជាផ្លូវការ ជាសមាជិកពេញសិទ្ធិនៃសមាគមអាស៊ាន
Sun,26 October 2025 (Time 07:46 PM)
ដោយ ៖ Srey Sambath (ចំនួនអ្នកអាន: 16នាក់)

ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិតអបអរសាទរ ជូនលោក ខៃ រ៉ាឡា សាណាណា គុសម៉ៅ នាយករដ្ឋមន្ត្រី សាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ដែលបានចូលជាផ្លូវការ ជាសមាជិកពេញសិទ្ធិនៃសមាគមអាស៊ាន។ នេះបើតាមលិខិតអបអរសាទរ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

ក្នុងលិខិតអបអរសាទរ របស់សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា «ក្នុងនាមព្រឹទ្ធសភា ប្រជាជននៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែង នូវការអបអរសាទរអស់ពីដួងចិត្តបំផុត ចំពោះសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ដែលបានចូលជាផ្លូវការជាសមាជិកពេញសិទ្ធិនៃសមាគមអាស៊ាន បន្ទាប់ពីបានរង់ចាំយ៉ាងយូរ ដែលជានិមិត្តរូប នៃមោទនភាពសម្រាប់ប្រជាជនទីម័រឡេស្តេទាំងមូល និងជានិមិត្តរូបនៃឯកភាព មជ្ឈភាព និងវប្បធម៌ អាស៊ាន។

ខ្ញុំក៏សូមស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះ ឯកឧត្តម រដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋ ប្រជាធិបតេយ្យទីម័រឡេស្តេ ដែលបានចូលជាសមាជិកគ្រួសារអាស៊ាន។

ក្នុងនាមជាមិត្តដ៏យូរឆ្នាំ កម្ពុជាគាំទ្រយ៉ាងពេញទំហឹងចំពោះការចូលរួមជាសមាជិកពេញសិទ្ធិ របស់ទីម័រឡេស្តេ ដែលនឹងពង្រឹងកិច្ចខិតខំប្រឹងប្រែងរួមរបស់យើងក្នុងការបង្កើនឯកភាព បរិយាបន្ន និងការអភិវឌ្ឍប្រកបដោយចីរភាពទូទាំងតំបន់ ជាពិសេសក្នុងបរិការណ៍សកលលោកបច្ចុប្បន្ន ដែល ពោរពេញដោយបញ្ហាប្រឈមកាន់តែស្មុគស្មាញ។

យើងទន្ទឹងរង់ចាំការធ្វើការសហការយ៉ាងជិតស្និទ្ធ ជាមួយ ឯកឧត្តម និងរដ្ឋាភិបាលរបស់ ឯកឧត្តម ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី និងលើកកម្ពស់ សហគមន៍អាស៊ានឱ្យកាន់តែរីកចម្រើននៅឆ្នាំខាងមុខ។

សូម ឯកឧត្តម ទទួលនូវសេចក្តីគោរពរាប់អានដ៏ស្មោះស្ម័គ្រពីខ្ញុំ និងសូមជូនពរ ឯកឧត្តម បន្ត ទទួលបាននូវសុខភាពល្អបរិបូរណ៍ សុភមង្គល និងជោគជ័យ ព្រមទាំងសូមជូនពរប្រជាជនទីម័រឡេស្តេ សូមសមប្រកបដោយសុខុមាលភាព និងវិបុលភាព»៕

វីដែអូ