កូឡាឡាំពួរ, ម៉ាឡេស៊ី)៖ ក្នុងជំនួបពិសាអាហារ និងពិភាក្សាការងារនាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នាយករដ្ឋមន្ត្រីកម្ពុជា ឡាវ និងវៀតណាម បានប្រកាសជំរុញកិច្ចសហប្រតិបត្តិការជាមួយគ្នាលើច្រើនវិស័យជាច្រើនឱ្យកាន់តែជិតស្និទ្ធថែមទៀត ដើម្បីទាញយកប្រយោជន៍សម្រាប់ប្រទេស និងប្រជាជន។នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានរៀបចំអាហារការងារជាមួយលោក ផាម មិញ ជិញ នាយករដ្ឋមន្ត្រីវៀតណាម និងលោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ។ ជំនួបពិសាអាហារការងារបានក្លាយទៅជាប្រពៃណីទៅហើយសម្រាប់មេដឹកនាំកម្ពុជា ឡាវ និងវៀតណាម។ក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រីវៀតណាម និងនាយករដ្ឋមន្ត្រីឡាវ បានអបអរសាទរការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ទីក្រុងគូឡាឡាំពួ រវាងកម្ពុជា និងថៃ ដោយមានការចូលរួមជាសាក្សីពីលោកប្រធានាធិបតិអាមេរិក ដូណាល់ ត្រាំ និងលោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៉ីប្រាហ៊ីម។ក្នុងជំនួបនេះ ថ្នាក់ដឹកនាំនៃប្រទេសទាំងបី បានចែករំលែកព័ត៌មានអំពីការវិវឌ្ឍ និងអាទិភាពពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបីលើវិស័យជាច្រើន រួមមាន៖ សេដ្ឋកិច្ច, ពាណិជ្ជកម្ម, ទេសចរណ៍, សន្តិសុខ និងការពារជាតិ។ថ្នាក់ដឹកនាំនៃប្រទេសទាំងបី បានឯកភាពបន្តពង្រឹងនិងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការនៅក្នុងការតភ្ជាប់ ជាពិសេសការតភ្ជាប់ផ្លូវគមនាគមន៍ ការផ្គត់ផ្គង់អគ្គីសនី និងការទូទាត់តាមឌីជីថល។ ក្នុងនោះជាមួយប្រទេសឡាវ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធនៃប្រទេសទាំងពីរ ពន្លឿនការជ្រើសរើសទីតាំងសាងសងស្ពានឆ្លងកាត់ទន្លេរពៅ-ទន្លេសេឡាំផាវ។ ជាមួយប្រទេសវៀតណាមវិញ សម្ដេចមហាបវរធិបតី បានជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធនៃប្រទេសទាំងពីរ ពន្លឿនការកំណត់ទីតាំងការតភ្ជាប់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងផ្លូវល្បឿនលឿន ហូជីមិញ-ម៉ុកបៃ។ក្នុងវិស័យទេសចរណ៍វិញ ថ្នាក់ដឹកនាំនៃប្រទេសទាំងបី បានឯកភាព និង ណែនាំឱ្យរដ្ឋមន្ត្រីទេសចរណ៍នៃប្រទេសទាំងបី បន្តពិភាក្សាជាមួយគ្នា សំដៅជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ក្នុងក្របខណ្ឌ «ប្រទេស៣ គោលដៅ១»។ សម្តេចមហាបវរធិបតីបានគូសបញ្ជាក់អំពីសារសំខាន់នៃការចូលរួមរបស់វិស័យឯកជនក្នុងការជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍។មុននឹងបញ្ចប់, សម្ដេចមហាបវរធិបតី បានអរគុណវៀតណាម និងឡាវ ដែលបានគាំទ្រ និងចូលរួមក្នុងយន្តការក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) នាពេលកន្លងមក ហើយសង្ឃឹមថា ប្រទេសទាំងពីរនឹងបន្តគាំទ្រនិង ចូលរួមនៅក្នុងយន្តការក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បន្តទៀត៕
វីដែអូ