ម៉ាឡេស៊ី)៖ លោកបណ្ឌិត Carlos Felipe Jaramillo អនុប្រធានធនាគារពិភពលោក ទទួលបន្ទុកតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានគូសបញ្ជាក់ប្រាប់ដល់សម្តេចនាយករដ្ឋមន្រ្តីកម្ពុជា ជាថ្មីម្តងទៀតថា ធនាគារពិភពលោកបានត្រៀមខ្លួនជានិច្ច ដើម្បីបន្តសហការនិងចូលរួមជាមួយកម្ពុជា សំដៅជួយជំរុញការសម្រេចទិសដៅរបស់កម្ពុជា និងឈានទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់។លោកបណ្ឌិត Carlos Felipe Jaramillo បានថ្លែងបញ្ជាក់ដូចនេះនាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នាឱកាសដែលលោកត្រូវបានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ពីថ្ងៃទី២៦-២៨ ខែតុលា ឆ្នាំ២០២៥។ក្នុងឱកាសនៃជំនួបនេះលោកបណ្ឌិតCarlos Felipe Jaramillo បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងរាជរដ្ឋាភិបាលកម្ពុជា និងធនាគារពិភពលោក និងបានសម្តែងក្តីសង្ឃឹមយ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការនេះនឹងបន្តរីកចម្រើនបន្ថែមទៀត។លោកបណ្ឌិត អនុប្រធានធនាគារពិភពលោក ក៏បានសម្តែងនូវបំណងចង់ស្វែងយល់បន្ថែមអំពីវិស័យអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលដៅឈានទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ និងបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមាគ៌ាច្បាស់លាស់ប្រកបដោយមហិច្ឆតារបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការឈានទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ខណៈដែលពិភពលោកពោរពេញទៅដោយភាពមិនច្បាស់លាស់ និងបញ្ហាប្រឈម។លោកបណ្ឌិត Carlos Felipe Jaramillo បានគូសបញ្ជាក់ជាថ្មីម្តងទៀតថា ធនាគារពិភពលោក ត្រៀមខ្លួនជានិច្ចដើម្បីបន្តសហការ និងចូលរួមជាមួយកម្ពុជាសំដៅជំរុញការសម្រេចទិសដៅរបស់កម្ពុជានាពេលអនាគត។ជាការឆ្លើយតប សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា កម្ពុជាបានដាក់ចេញ និងកំពុងអនុវត្តនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលផ្ដោតសំខាន់ ជាអាទិ៍លើ៖ ១៖ វិស័យអប់រំ សម្រាប់អភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព និងគុណវុឌ្ឍិគ្រប់គ្រាន់ សំដៅជំរុញផលិតភាពការងារ។ ២៖ វិស័យហេដ្ឋារចនាសម្ព័ន្ធ សម្រាប់បម្រើសកម្មភាពសេដ្ឋកិច្ច ជាពិសេសការលើកស្ទួយវិស័យដឹកជញ្ជូន និងភស្តុភារ។ ៣៖ ការធានាបាននូវការផ្គត់ផ្គង់ថាមពលកកើតឡើងវិញ ដែលបច្ចុប្បន្នកម្ពុជាប្រើប្រាស់ប្រភពថាមពលកកើតឡើងវិញចំនួន ៦២% និងប្ដេជ្ញាចិត្តក្នុងការបង្កើនឱ្យបាន ៧០% នៅឆ្នាំ២០៣០។ ៤៖ បច្ចេកវិទ្យា និងឌីជីថលូបនីយកម្ម ដែលអនុញ្ញាតឱ្យកម្ពុជាអាចគ្រប់គ្រងបាននូវហានិភ័យ ក៏ដូចជាការជំរុញសកម្មភាពសេដ្ឋកិច្ចឱ្យកាន់តែល្អប្រសើរជាមួយនឹងប្រសិទ្ធភាពខ្ពស់ ផលិតភាពខ្ពស់ និងគុណភាពខ្ពស់ និង៥៖ ការធានាបាននូវកំណើន និងការអភិវឌ្ឍប្រកបដោយចីរភាព។ព្រមជាមួយគ្នានេះ, សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានសម្ដែងក្ដីរីករាយរងចាំទទួលស្វាគមន៍លោកបណ្ឌិតអនុប្រធានធនាគារពិភពលោកនៅកម្ពុជា នាពេលខាងមុខដ៏ខ្លី៕
វីដែអូ