ភ្នំពេញ)៖ រដ្ឋាភិបាលបារាំង នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ បានថ្លែងសារអបអរសារទរ ការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍សន្តិភាពរវាងកម្ពុជា និងថៃ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៉ី។សេចក្តីថ្លែងការរបស់ក្រសួងអឺរ៉ុប និងការបរទេសបារាំង បានឱ្យដឹងថា ប្រទេសបារាំងវាយតម្លៃខ្ពស់ ចំពោះការចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ នៅទីក្រុងគូឡាឡាំពួរ លើសេចក្តីថ្លែងការណ៍សន្តិភាពរវាងប្រទេសកម្ពុជា និងប្រទេសថៃ ដោយមានវត្តមានប្រទេសម៉ាឡេស៊ី ដែលជាប្រធានអាស៊ាន និងសហរដ្ឋអាមេរិក។ សេចក្តីថ្លែងការណ៍រួមនេះ អនុញ្ញាតឱ្យប្រទេសកម្ពុជា និងប្រទេសថៃដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ដែលមានភាពចាំបាច់សម្រាប់ស្ថិរភាពតំបន់។បើតាមសេចក្តីថ្លែងការណ៍ដដែល ប្រទេសបារាំងវាយតម្លៃខ្ពស់ជាពិសេស ចំពោះការចុះហត្ថលេខាលើល័ក្ខខ័ណ្ឌយោងសម្រាប់ក្រុមអ្នកសង្កេតការណ៍អាស៊ាន ដែលនឹងអនុញ្ញាតឱ្យពន្លឿនការដាក់ពង្រាយនៅតាមមូលដ្ឋាន ការប្តេជ្ញាចិត្តរបស់ភាគីទាំងពីរក្នុងការដកអាវុធធុនធ្ងន់ចេញពីព្រំដែន ការបន្តការដោះមីន ក៏ដូចជាការប្រកាសរបស់ប្រទេសថៃស្តីពីការដោះលែងទាហានកម្ពុជាដែលប្រទេសថៃកំពុងឃុំខ្លួន។សេចក្តីថ្លែងការណ៍របស់ក្រសួងអឺរ៉ុប និងការបរទេសបារាំង ក៏បានថ្លែងថា ដោយមានទំនាក់ទំនងជាមួយដៃគូអាស៊ាន និងសហរដ្ឋអាមរិក ប្រទេសបារាំងនឹងតាមដានដោយយកចិត្តទុកដាក់ចំពោះការអនុវត្តជាក់ស្តែងនូវការប្តេជ្ញាចិត្តទាំងនេះ ក៏ដូចជាការបន្តការដោះស្រាយជម្លោះព្រំដែនរវាងភាគីទាំងពីរតាមរយៈការសន្ទនា និងដោយគោរពច្បាប់អន្តរជាតិ។សូមជម្រាបថា ការចុះហត្ថលេខាលើ «សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងកូឡាឡាំពួ» រវាងកម្ពុជានិងថៃ ត្រូវបានធ្វើឡើងនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដោយមានប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជាសាក្ស៉ី និងសម្របសម្រួលដោយនាយករដ្ឋមន្ត្រីម៉ាឡេស៉ី លោក អាន់វ៉ា អ៉ីប្រាហ៉ីម។នេះជាជំហានវិជ្ជមានដ៏សំខាន់ និងជាប្រវត្តិសាស្រ្ត ក្រោមយុទ្ធសាស្រ្ត «ស្ងាត់តែមិនស្ងៀម» របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដើម្បីឈានទៅរកប្រក្រតីភាព នៃទំនាក់ទំនងរវាងប្រជាជាតិទាំងពីរ និងប្រែក្លាយតំបន់ព្រំដែនមានជម្លោះទៅជាតំបន់សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍រួម៕
វីដែអូ