ថ្ងៃព្រហស្បតិ៍ ទី៣០ ខែតុលា ឆ្នាំ២០៥០
ទំនាក់ទំនង ចាងហ្វាងការផ្សាយ តេម ស៊ុយ​ ទូរស័ព្ទ .015 88 56 41 / 010 47 90 93 / 012 76 47 88
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះនាយករដ្ឋមន្រ្តីម៉ាឡេស៊ី ដែលបានខិតខំសម្របសម្រួលដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី
Wed,29 October 2025 (Time 10:12 PM)
ដោយ ៖ Srey Sambath (ចំនួនអ្នកអាន: 4នាក់)

ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោក អានវ៉ា អ៉ីប្រាហ៉ីម (Anwar Ibrahim) នាយករដ្ឋមន្រ្តីម៉ាឡេស៊ី និងជាប្រធានអាស៊ាន ដែលបានជួយសម្របសម្រួលដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី រហូតដល់ កម្ពុជា និងថៃ បានចុះកិច្ចព្រមព្រៀងសន្តិភាពជាមួយគ្នា។

នេះបើតាមការបញ្ជាក់របស់លោកបណ្ឌិត សូ ណារ៉ូ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី នាឱកាសអញ្ជើញធ្វើសន្និសីទសារព័ត៌មាននាល្ងាចថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥នេះ ដើម្បីបង្ហាញពីលទ្ធផលនៃដំណើររបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ដឹកនាំគណៈប្រតិភូ អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ និង កិច្ចប្រជុំពាក់ពន្ធ័នៅប្រទេសម៉ាឡេស៊ី។

នៅក្នុងសន្និសីទសារព័ត៌មាននេះលោកណ្ឌិត សូ ណារ៉ូ បានថ្លែងបញ្ជាក់ថា «ឆ្លៀតក្នុងឱកាសនោះដែរ តាំងនាមប្រទេសកម្ពុជា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះឯកឧត្តមនាយករដ្ឋមន្រ្តីម៉ាឡេស៉ី លោក អាន់វ៉ា ចំពោះការខិតខំប្រឹងប្រែងដោយផ្ទាល់ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជួយកម្ពុជា និងថៃ អាចដោះស្រាយជម្លោះដោយសន្តិវិធី»។

លោកណ្ឌិត សូ ណារ៉ូ បានបន្ថែមថា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា ភាពជាអ្នកដឹកនាំរបស់នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក អានវ៉ា ពិតជាមានសារៈសំខាន់យ៉ាងខ្លាំងក្នុងការរៀបចំឱ្យមានកិច្ចប្រជុំពិសេស នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុង ពូត្រាឆាយ៉ា (Putrajaya )ដែលមានការសហការរៀបចំដោយសហរដ្ឋអាមេរិក និងមានការចូលរួមយ៉ាងសកម្មពីប្រទេសចិន និងអាចបង្កើតបានដោយជោគជ័យនូវកិច្ចព្រមព្រៀងបទឈប់បាញ់រវាងប្រទេសកម្ពុជា និងប្រទេសថៃ ផងដែរ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអរគុណដល់អាស៊ាន ដែលបានរួមវិភាគទានដ៏មានតម្លៃ ក្នុងការបញ្ជូនក្រុមអ្នកសង្កេតការណ៍ (IOT) ដើម្បីតាមដានការអ​នុវត្តបទឈប់បាញ់នេះ ។ សម្តេចបញ្ជាក់ថា ការប្តេជ្ញាចិត្តរបស់ម៉ាឡេស៊ី ចំពោះសន្តិភាព និងស្ថេរភាពក្នុងតំបន់កាន់តែឆ្លុះបញ្ជាំងតាមរយៈការសម្របសម្រួលប្រកបដោយស្ថាបនា និងបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំចរចារចតុភាគី ស្តីពីកិច្ចព្រមព្រៀងសន្តិភាពដែលបានស្នើឡើងដោយប្រធានាធិបតី សហរដ្ឋអាមេរិក និងបានឈានដល់ការចុះហត្ថលេខា សន្តិភាពភាពរវាងកម្ពុជា និងថៃ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥កន្លងមកថ្មីៗនេះផងដែរ។

សូមបញ្ជាក់ដែរថា កិច្ចព្រមព្រៀងសន្តិភាព កម្ពុជា និងថៃ នេះ ត្រូវបានចុះហត្ថលេខានៅទីក្រុងកូឡាឡាំពួ នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក Anutin Charnvirakul នាយករដ្ឋមន្ត្រីថៃ ដោយមានការចូលរួមធ្វើជាសាក្សីពី លោកដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក និងនាយករដ្ឋមន្រ្តីម៉ាឡេស៊ី ជាសាក្សី។

កិច្ចព្រមព្រៀងនេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏មានសារៈសំខាន់ជាសារវ័ន្តសម្រាប់កម្ពុជា និងថៃ ដែលបានបញ្ជាក់ឡើងវិញនូវការជឿជាក់រួមគ្នានៃប្រទេសទាំងពីរថា សន្តិភាពនៅតែអាចមាន ដរាបណាប្រជាជាតិនានា មានសេចក្តីក្លាហាន និងសុភវិនិច្ឆ័យក្នុងការបន្តស្វែងរកសន្តិភាពជាមួយគ្នាផងដែរ៕

វីដែអូ