ថ្ងៃព្រហស្បតិ៍ ទី៣០ ខែតុលា ឆ្នាំ២០៥០
ទំនាក់ទំនង ចាងហ្វាងការផ្សាយ តេម ស៊ុយ​ ទូរស័ព្ទ .015 88 56 41 / 010 47 90 93 / 012 76 47 88
កម្ពុជា និងធនាគារពិភពលោក ពិភាក្សាលើការគាំទ្រនៃការផ្តល់ជំនាញ និងការងារដល់ពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃវិញ
Wed,29 October 2025 (Time 10:08 PM)
ដោយ ៖ Srey Sambath (ចំនួនអ្នកអាន: 5នាក់)

ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបជាមួយប្រតិភូធនាគារពិភពលោកដឹកនាំដោយ លោកស្រី Tania Meyer ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ដើម្បីផ្លាស់ប្តូរយោបល់និងចែករំលែកព័ត៌មានអំពី ការជួយគាំទ្ររបស់ធនាគារពិភពលោកចំពោះពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃ ស្តីពីការស្វែងរកការងារធ្វើ និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈតាមរយៈយន្តការគាំទ្របឋមភ្លាមៗ និងរយៈពេលមធ្យម។

លោករដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការរបស់ធនាគារពិភពលោក លើការងារការកសាងមូលធនមនុស្ស ការងារ និងជំនាញនៅកម្ពុជា។ ជាមួយគ្នានេះ លោករដ្ឋមន្រ្តី បានបញ្ជាក់ថា ការពិភាក្សានៅថ្ងៃនេះ គឺស្របទៅនឹងអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា លើការបង្កើតការងារ ទីផ្សារការងារ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ។

លោក ហេង សួរ ក៏បានកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងយូរអង្វែងរបស់ធនាគារពិភពលោកជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើគម្រោងជំនាញដើម្បីការងារកាន់តែប្រសើរ (Skills for Better Jobs Project)។

ជាការឆ្លើយតប លោកស្រី Tania Meyer បានថ្លែងអំណរគុណចំពោះលោករដ្ឋមន្ត្រី ចំពោះជំនួបដែលបានផ្តល់ឱកាសដល់ភាគីទាំងពីរអាចផ្លាស់ប្តូរយោបល់ និងចែករំលែកព័ត៌មានអំពី ការជួយគាំទ្ររបស់ធនាគារពិភពលោកចំពោះពលករខ្មែរ ដែលត្រឡប់ពីប្រទេសថៃស្តីពីការស្វែងរកការងារ និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ តាមរយៈយន្តការគាំទ្របឋមភ្លាមៗ និងរយៈពេលមធ្យម។

ទន្ទឹមនេះ លោកស្រី ក៏បានថ្លែងកោតសរសើរអំពីឆន្ទៈរបស់រាជរដ្ឋាភិបាលកម្ពុជាដោយសន្យាថា នឹងបន្តបើកទូលាយទទួលនូវរាល់សំណូមពរ និងប្តេជ្ញាបន្តចូលរួមជាមួយ រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើការបង្កើតការងារ ទីផ្សារការងារ និងការបណ្តុះបណ្តាលជំនាញដល់យុវជន និងពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃវិញ។

ក្នុងជំនួបនេះ ភាគីទាំងពីរ ក៏បានឯកភាពបន្តភាពជាដៃគូ និងពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសកម្ពុជាផងដែរ។

បន្ទាប់ពីបញ្ចប់ជំនួបពិភាក្សាការងារ លោករដ្ឋមន្ត្រីបានអញ្ជើញ លោកស្រី Tania Meyer ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំនៅកម្ពុជា និងគណៈប្រតិភូទៅទស្សនាបន្ទប់ផ្តល់ព័ត៌មាន ២៤ម៉ោង តាមរយៈលេខទូរសព្ទ Hotline 1297 ដែលបម្រើសេវាកម្មស្វែងរកការងារធ្វើដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសពលករខ្មែរដែលបានវិលត្រឡប់មកពីប្រទេសថៃវិញ៕

វីដែអូ