ថ្ងៃច័ន្ទ ទី១៥ ខែធ្នូ ឆ្នាំ២០៥០
ទំនាក់ទំនង ចាងហ្វាងការផ្សាយ តេម ស៊ុយ​ ទូរស័ព្ទ .015 88 56 41 / 010 47 90 93 / 012 76 47 88
គ្រួសារទ័ពដែលភៀសសឹកនៅពោធិ៍សាត់ ទទួលភាពកក់ក្តៅ ក្រោមការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចតេជោ និងសម្តេចមហាបវរធិបតី
Sun,14 December 2025 (Time 06:19 PM)
ដោយ ៖ Srey Sambath (ចំនួនអ្នកអាន: 4នាក់)

ពោធិ៍សាត់)៖ អារម្មណ៍ដែលស្វាមី ឬកូនកំពុងជាប់ដៃប្រយុទ្ធការពារទឹកដីពីការឈ្លានពានរបស់ទ័ពថៃ ពិតជាខ្វាយខ្វល់ និងបារម្ភ ហើយក៏រងាផងដែរ តែអារម្មណ៍រងារនេះ ក៏មានកក់ក្តៅត្រឡប់វិញបានខ្លះ បន្ទាប់ពីទទួលបានការគិតគូរ និងយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំជាតិ មានដូចជាសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

សង្គ្រាមកើតពីការឈ្លានពានរបស់កងទ័ពថៃ បានធ្វើឱ្យប្រជាពលរដ្ឋ និងគ្រួសារកងទ័ពរស់នៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ប្រមាណ ៩០០គ្រួសារ បានភៀសខ្លួនចេញពីផ្ទះសម្បែង។ ក្នុងនោះជិត ៨០០គ្រួសារ ត្រូវបានរៀបចំឱ្យស្នាក់នៅមណ្ឌលសុវត្ថិភាពចំនួនពីរកន្លែង។

អាជ្ញាធរខេត្តពោធិ៍សាត់ និងស្រុកវាលវែង បានយកចិត្តទុកដាក់ខ្ពស់ដល់ជនភៀសសឹកដោយធានា៤យ៉ាងរួមម ធានាមានកន្លែងស្នាក់នៅសមរម្យ សន្តិសុខសណ្តាប់ធ្នាប់ មានស្បៀង និងការថែទាំសុខភាព។ បន្ថែមពីលើអ្វីដែលអាជ្ញាធរបាននឹងកំពុងធ្វើនេះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានគិតគូរបន្ថែម បានរៀបចំបញ្ជូនជាបន្តបន្ទាប់នូវស្បៀងអាហារ និងសម្ភារប្រើប្រាស់ផ្សេងៗទៀតជូនដល់ពួកគេ។

នៅព្រឹកថ្ងៃសៅរ៍ ទី១៣ ខែធ្នូ ឆ្នាំ២០២៥នេះ តាមរយៈលោកអ្នកឧកញ៉ា ទ្រី ភាព ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន និងអ្នកឧកញ៉ា គៀន ស្រីនាង, សម្តេចតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានចាត់បញ្ជូននូវអំណោយជាច្រើនរួមមានស្បៀងអាហារ អាវរងា សម្ភារប្រើប្រាស់ជូនដល់ជនភៀសសឹក។ ក្រៅពីជនភៀសសឹក អំណោយនាព្រឹកមិញក៏មានស្បៀងអាហារ និងសម្ភារជាតម្រូវការផ្សេងៗទៀតជូនដល់កងទ័ពផងដែរ។ អំណោយនាព្រឹកមិញនេះ រួមមាន៖ ឃីត ៣៤០០កញ្ចប់, អំបុកលីងសាច់ជ្រូកផាត់ ៥០០គីឡូក្រាម, ទឹកសុទ្ធ ១០០០កេះ, ទឹកក្រូច ១០០០កេះ, ប្រេងសាំង ប្រេងម៉ាស៊ូត ៣៥០០លីត្រ,សៀងឆាសាច់ជ្រូក ៥០០កំប៉ុង, ពងទាស្ងោរ ១២០០គ្រាប់, តង់ខៀវ ៣៩តង់, នំសម្រាប់កងទ័ព ៣៨កេះ, នំសម្រាប់កូនក្មេង ២០០០នំ,បាយក្ដាំង ៣០០បន្ទះ, ធូបមូស ៥០០ប្រអប់ និងអាវរងាជជុះ ៦គីប។

គ្រួសារកងទ័ព ដែលកំពុងស្នាក់នៅតាមជំរំជនភៀសសឹក បានគូសបញ្ជាក់ប្រាប់អង្គភាពព័ត៌មានយើង ចាប់តាំងពីពួកគាត់បានភៀសខ្លួនមកនៅជំរំជនភៀសសឹកនេះ គឺបានទទួលយកចិត្តទុកដាក់ខ្ពស់ពីអាជ្ញាធរ ជាពិសេសសម្តេចតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ តាមរយៈការផ្តល់អំណោយជាបន្តបន្ទាប់ បានធ្វើឱ្យគាត់ដោះស្រាយបានការលំបាក និងខ្វះខាតនានា ក្នុងពេលភៀសខ្លួននេះ។

តំណាងឱ្យលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងប្រជាពលរដ្ឋភៀសសឹកទាំងអស់, លោក ហេង សុភាណា អភិបាលរងខេត្តពោធិ៍សាត់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះសម្តេចតេជោ និងសម្តេចមហាបវរធិបតី ដែលបានយកចិត្តទុកដាក់ខ្ពស់ចំពោះពលរដ្ឋភៀសសឹក ក៏ដូចជាកងទ័ពកំពុងប្រយុទ្ធការពារទឹកដី៕

វីដែអូ