បាត់ដំបង)៖ សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សតនិងជាអ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង នាព្រឹកថ្ងៃសៅរ៍ ទី១៣ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញសំណេះសំណាលលើកទឹកចិត្ត ប្រជាពលរដ្ឋភៀសសឹក ចំនួន ៤ ទីតាំង នៅខេត្តបាត់ដំបង អមដំណើរដោយសមាជិករដ្ឋសភា ព្រឹទ្ធសភា ប្រធានក្រុមប្រឹក្សាខេត្តលោក សុខ លូ អភិបាលខេត្តបាត់ដំបង ព្រមទាំងលោក លោកស្រី ឧកញ៉ា សប្បុរសជនជាច្រើនរូបផងដែរ។សម្ដេច បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជូនប្រជាពលរដ្ឋជនភៀសសឹក ដែលបានរងគ្រោះដោយសារការធ្វើសង្គ្រាមឈ្លានពានពីប្រទេសថៃ។សម្ដេច បានបន្តថា ក្នុងនាមតំណាងរាស្ត្រមណ្ឌលបាត់ដំបង សម្ដេចសូមថ្លែងអំណរគុណដល់ លោក លោកស្រី អ្នកឧកញ៉ា លោកឧកញ៉ា និងសប្បុរជនគ្រប់មជ្ឈដ្ឋាន ដែលបានលះបង់ថវិកាក៏ដូចជាធនធានផ្ទាល់ខ្លួនជូនរាជរដ្ឋាភិបាល និងតាមសប្បុរសជននានា បានយកមកផ្ដល់ជូនប្រជាពលរដ្ឋដែលជាជនភៀសសឹក នៅក្នុងខេត្តបាត់ដំបង និងប្រជាពលរដ្ឋនៅក្នុងខេត្តផ្សេងទៀត ដែលកំពុងរងគ្រោះដោយការធ្វើសង្គ្រាមឈ្លានពានពីប្រទេសថៃ។ជាមួយគ្នានោះ សម្ដេច ក៏បានថ្លែងនូវការកោតសរសើរដល់ការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្តបាត់ដំបងក៏ដូចជា កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង ដែលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការជម្លៀសប្រជាពលរដ្ឋ ដែលរងគ្រោះក្នុងការឈ្លានពានពីប្រទេសជិតខាង មកកន្លែងមានសុវត្ថិភាព ព្រមទាំងបានរៀបចំកន្លែងស្នាក់នៅ ផ្គត់ផ្គង់អាហារ សម្ភារៈប្រើប្រាស់ និងថែរក្សាអនាម័យជូនប្រជាពលរដ្ឋ។សម្ដេច ក៏បានស្នើឱ្យប្រជាពលរដ្ឋដែលជាជនភៀសសឹកជឿជាក់លើរាជរដ្ឋាភិបាល ដែលមិនបោះបង់ប្រជាពលរដ្ឋណាមួយនោះទេ។ សម្ដេចក៏បានស្នើឱ្យប្រជាពលរដ្ឋរស់នៅចូលរួមថែរក្សាអនាម័យ ថែរក្សាសុខភាព ហើយបើមានកិច្ចការអ្វីត្រូវទំនាក់ទំនងជាមួយគណៈបញ្ជាការឯកភាព ដែលកំពុងប្រចាំការ ២៤ ម៉ោងលើ ២៤ ម៉ោង ដើម្បីដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។តាមរបាយការណ៍ស្វាគមន៍ក្នុងឱកាសនោះលោក សុខ លូ អភិបាលខេត្តបាត់ដំបង ចាប់ពីថ្ងៃទី៩ រហូតដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ ប្រជាពលរដ្ឋភៀសសឹកមានចំនួន ១០ ៣៣៩គ្រួសារ មនុស្សរាយ ៣៣ ៣០០នាក់ បានស្នាក់អាស្រ័យនៅមណ្ឌលសុវត្ថិភាពដែលរដ្ឋបាលខេត្តសហការជាមួយរដ្ឋបាលស្រុករៀបចំ។លោក សុខ លូ ថ្លែងអំណរគុណជាអនេកប្បការចំពោះសម្ដេចក្រឡាហោម ស ខេង ដែលជានិច្ចកាលសម្តេចតែងតែចូលរួមលើកទឹកចិត្ត និងគិតគូរពីសុខទុក្ខ ប្រជាពលរដ្ឋគ្រប់កាលៈទេសៈ៕
វីដែអូ