ភ្នំពេញ)៖ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមក្រាបបង្គំទូលថ្វាយសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត កាកបាទក្រហមកម្ពុជា មានសេចក្តីរីករាយជាអនេកប្បការ ដោយបានទទួលព្រះរាជទ្រព្យ ចំនួន ១០០,០០០ (មួយរយពាន់ដុល្លារអាម៉េរិក) ដែលជាព្រះរាជទានដ៏ ថ្លៃថ្លារបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សម្រាប់ជាព្រះរាជូបត្ថម្ភដ៏ឧត្តុង្គឧត្តម ជួយដល់ប្រជារាស្ត្រភៀសសឹក នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ តាមរយៈ សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង។ខ្ញុំម្ចាស់សូមព្រះបរមរាជានុញ្ញាត ថ្លែងអំណរព្រះរាជគុណដ៏ខ្ពង់ខ្ពស់ជាទីបំផុត ថ្វាយសម្តេច ព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គតែងតែសព្វព្រះរាជហឫទ័យសន្តោសប្រោសប្រណី និងគិតគូរទុកដាក់យ៉ាងខ្ជាប់ខ្ជួនពីសុខទុក្ខប្រជារាស្ត្ររបស់ព្រះអង្គ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា តាមរយៈព្រះរាជទានព្រះរាជទ្រព្យដល់សកម្មភាពមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា គ្រប់ពេលវេលា។ខ្ញុំម្ចាស់ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិនានាក្នុងលោក ទេវតារក្សា ព្រះមហាស្វេតច្ឆត្រ ព្រះបារមីនៃព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ-ព្រះមហាក្សត្រិយានីខ្មែរគ្រប់ ព្រះអង្គ ជាពិសេស ព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ សូមព្រះមេត្តាប្រោសព្រះរាជ ទានព្រះពរជ័យ បវរមហាប្រសើរ ថ្វាយសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គមាន ព្រះបរមសុខគ្រប់ប្រការ គង់ប្រថាប់ជាមហាម្លប់ដ៏ ត្រជាក់សម្រាប់ប្រជារាស្ត្រ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ជាកូនចៅ ចៅទូត របស់ព្រះអង្គ ជ្រកកោន តរៀងទៅ៕
វីដែអូ