ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យដំណើរការរោងចក្រផលិតស៊ីម៉ងតិ៍ ស្ថិតនៅតំបន់ហោងសំណំ ក្នុងភូមិមនោរម្យ ឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២០ ខែឧសភានេះដែរ សម្ដេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា គិតមកទល់ឆ្នាំ២០២៥នេះ កម្ពុជាមានរោងចក្រស៊ីម៉ងតិ៍ចំនួន៦ ដែលបានបោះទុនវិនិយោគសរុបប្រមាណ ១,១១ ពាន់លានដុល្លារអាមេរិក និងផ្តល់ការងារជូនប្រជាពលរដ្ឋសរុបប្រមាណ ៣,០០០កន្លែង។សម្ដេចនាយករដ្ឋមន្រ្ដីមានប្រសាន៍បន្ថែមថា ប្រទេសកម្ពុជាមានលទ្ធភាពផលិតស៊ីម៉ងតិ៍នៅឆ្នាំ ១៩៦១ ប៉ុន្ដែដោយសារសង្គ្រាមទើបបានបិទទៅវិញ ក្រោយសង្គ្រាមក៏មានការបើកឡើងវិញបន្តិចបន្តួច និងនាំចូលស៊ីម៉ងតិ៍ពីក្រៅប្រទេស ប៉ុន្ដែរហូតដល់ឆ្នាំ២០០៧ កម្ពុជាចាប់ផ្ដើមធ្វើការផលិតរោងចក្រស៊ីម៉ងតិ៍អាចផ្គត់ផ្គង់សម្រាប់ការប្រើប្រាស់នៅក្នុងស្រុកបាន។ សម្ដេចធិបតី បានបញ្ជាក់ថា ប្រទេសណាក៏មានធ្វើរោងចក្រទាញយករ៉ែពីធនធានធម្មជាតិរបស់ពួកគេដែរប៉ុន្ដែការទាញយកនេះគឺធ្វើដោយការទទួលខុសត្រូវ ដើម្បីផ្គត់ផ្គង់តម្រូវការនៅក្នុងស្រុក ពីព្រោះយើងមិនអាចយកផលិតផលទាំងអស់នេះពីប្រទេសផ្សេងរហូតនាំឱ្យបាត់បង់ចំណូលជាតិនោះទេ។សូមជម្រាបថា ស៊ីម៉ងតិ៍ជាតម្រូវការចាំបាច់បម្រើដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងសំណង់លំនៅឋាននានា ដែលកំពុងមានតម្រូវការខ្ពស់នៅកម្ពុជានាពេលបច្ចុប្បន្នក្នុងរង្វង់ជាង១០លានតោន។ ដូច្នេះការវិនិយោគបង្កើតរោងចក្រផលិតស៊ីម៉ងតិ៍ គឺដំណើរដ៏ល្អសម្រាប់សេដ្ឋកិច្ចកម្ពុជា ដើម្បីបំពេញការប្រើប្រាស់ ដែលកម្ពុជាតែងនាំចូលពីប្រទេសនានា។ ខណៈបច្ចុប្បន្នរោងចក្រស៊ីម៉ងតិ៍ ទាំង៦ របស់កម្ពុជា មានសមត្ថភាពផលិតស៊ីម៉ងត៍បានប្រមាណ ១១លានតោនក្នុងមួយឆ្នាំ ដែលបានប្រែក្លាយកម្ពុជាពីប្រទេសនាំចូលស៊ីម៉ងត៍១០០ភាគរយពីបរទេស ទៅជាប្រទេសមានលទ្ធភាពផ្គត់ផ្គង់តម្រូវការទាំងស្រុងដោយខ្លួនឯង ហើយក៏បានចាប់ផ្តើមនាំចេញទៅប្រទេសថៃក្នុងបរិមាណប្រមាណជាង ៣០,០០០ តោនក្នុងឆ្នាំ២០២៤ ថែមទៀតផង។ បន្ថែមពីគម្រោងទាំង៦នេះទៅ មានក្រុមហ៊ុនចំនួន៣ផ្សេងទៀត កំពុងស្ថិតក្នុងដំណាក់កាលសាងសង់រោងចក្រ និងអភិវឌ្ឍការដ្ឋាន៕
វីដែអូ