ក្នុងគោលបំណងដើម្បីជួយដល់កុមារកម្ពុជា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលជាភរិយារបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានបន្តបើកយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” រយៈពេល ១ខែពេញ ដែលនឹងចាប់ផ្ដើមពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ខាងមុខនេះ តាមរយៈមូលនិធិគន្ធបុប្ផាកម្ពុជា ខណៈពលរដ្ឋដែលកំពុងទទួលបានសេវាថា មន្ទីរពេទ្យគន្ធបុប្ផាជាកន្លែងជួយសង្គ្រោះអាយុជីវិតកូនៗរបស់ពួកគាត់។យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ជាយុទ្ធនាការប្រចាំឆ្នាំដ៏សំខាន់មួយរបស់មូលនិធិគន្ធបុប្ផាកម្ពុជា រៀបចំឡើងដើម្បីចូលរួមអបអរសាទរ ទិវាកុមារអន្តរជាតិ ១មិថុនា និងបំផុសស្មារតី “ខ្មែរជួយខ្មែរ” ក៏ដូចជាការរម្លឹកឱ្យមានការចូលរួមបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា ព្រមទាំងដើម្បីផ្សារភ្ជាប់ ក៏ដូចជាបង្កើនសកម្មភាពកាន់តែជិតស្និតជាមួយក្រសួង-ស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្ត ដែលបានបង្កើតគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា, ក្រុមហ៊ុន-សហគ្រាសដែលបានចុះអនុស្សរណៈយោគយល់គ្នា ជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា, ព្រមទាំងភាគីពាក់ព័ន្ធនានា ក្នុងគោលបំណងនាំភាពញញឹម និងក្ដីសង្ឃឹមដល់ទារក និងកុមារនៅកម្ពុជា។ពាក់ព័ន្ធយុទ្ធនាការនេះ ប្រជាពលរដ្ឋរស់នៅតំបន់ផ្សេងៗគ្នា ដែលបានទទួលសេវាពិនិត្យព្យាបាលកូន និងចៅៗ នៅមន្ទីរពេទ្យកុមារគន្ធបុប្ជា បានបង្ហាញអារម្មណ៍សប្បាយរីករាយ និងសម្តែងការអរគុណជូនចំពោះសប្បុរសជននានា ទាំងទីជិត ទីឆ្ងាយ និងនៅក្រៅប្រទេសផងដែរដែលបានរួមគ្នាជួយដល់ក្មេងៗ ជាពិសេសគឺជួយដល់ជនខ្វះខាត និងទីទាល់ ដែលគ្មានលទ្ធភាពក្នុងការព្យាបាលកូននៅពេលមានបញ្ហាសុខភាព។ ក្រុមប្រជាពលរដ្ឋ បានលើកឡើងស្រដៀងគ្នាថា រាល់ថ្ងៃនេះ បើគ្មានមន្ទីរពេទ្យកុមារគន្ធបុប្ជាទេ នោះកុមារ ពិសេសក្មេងៗមកគ្រួសារក្រីក្រ ក៏គ្មានសង្ឃឹមក្នុងការរស់នៅដែរ ដោយសារមិនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការពិនិត្យ និងព្យាបាលសុខភាព ខណៈជីវភាពមានខ្វះខាត។ដើម្បីចូលរួមគាំទ្រ យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៥ សប្បុរជនទាំងអស់អាចបរិច្ចាគបាន តាមរយៈលេខគណនីរបស់មូលនិធិនៅគ្រឹះស្ថានហិរញ្ញវត្ថុចំនួន១៦ ដែលជាដៃគូរ ឬតាមរយៈគណនីរបស់មូលនិធិគន្ធបុប្ផាកម្ពុជា ឬតាមរយៈ QR Code ដែលមានភ្ជាប់ក្នុងរូបភាព។ យោងតាមលទ្ធផលនៃយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៤កន្លងទៅ របស់មូលនិធិគន្ធបុប្ជាកម្ពុជា មានការចូលរួមគាំទ្ររបស់សប្បុរសជនទាំងក្នុង និងក្រៅប្រទេស សរុបចំនួនជាង ២៤ម៉ឺននាក់ ជាមួយនឹងថវិកាបរិច្ចាគសរុបសមមូលជាប្រាក់ដុល្លារអាម៉េរិក ចំនួនជាង ៣,៣ លានដុល្លារ។ ការបរិច្ចាគនេះពិតជាមានតម្លៃណាស់ ក្នុងជួយសង្រ្គោះជីវិត ទារក និងកុមារនៅកម្ពុជា៕
វីដែអូ