មន្ត្រីរាជការ ប្រជាពលរដ្ឋទូទៅ ក្នុងរាជធានីភ្នំពេញ បានអញ្ជើញមកចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ ដើម្បីបង្ការជាមុនសំដៅធានាភាពស៊ាំ សហគមន៍ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ឆ្នាំ២០២៥ ពីក្រុមការងារគ្រូពេទ្យ នៃមនី្ទរពេទ្យបង្អែកសម្តេចឪ សម្តេចម៉ែ នៃមនី្ទរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ។បើតាមលោកវេជ្ជបណ្ឌិត ឃី សុខខេង អនុប្រធានមនី្ទរពេទ្យបង្អែកសម្តេចឪ សម្តេចម៉ែ ទទួលបន្ទុកបច្ចេកទេស តំណាងលោកវេជ្ជបណ្ឌិត អ៊ុន សុភ័ស្ភ នាយកមនី្ទរពេទ្យបង្អែកសម្តេចឪ សម្តេចម៉ែ ថ្លែងប្រាប់ BTV ឱ្យដឹងថា ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខណ្ឌ ឬស្សីកែវ និងខណ្ឌជ្រោយចង្រ្វា នៅថ្ងៃនេះបានបន្តមកទទួលថ្នាំបង្ការជំងឺកូវីដ-១៩ ដោយស្ថានភាពបច្ចុប្បន្នមានការផ្ទុះរីករាលដាលជំងឺកូវីដ-១៩ បំប្លែងថ្មីនៅតែបន្តកើតមាន។ ដូច្នេះដើម្បីបង្ការការពារជំងឺកូវីដ-១៩ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋ មានអាយុចាប់ពី១២ឆ្នាំឡើងទៅ មកចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសជំរុញ។ចំណែកមន្ត្រីរាជការ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ មកចាក់វ៉ាក់សាំងកូវីដ-១៩ នៅក្នុងមនី្ទរពេទ្យបង្អែកសម្តេចឪ សម្តេចម៉ែ បានយល់ថា ការមកចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសជំរុញ ឬដូសបន្ថែម គឺបានការពារសុខភាពបានយ៉ាងច្រើន ស្របពេលដែលជំងឺកូវីដ-១៩ កំពុងរីករាលដាលឡើងវិញ។ក្នុងឱកាសនោះ លោកវេជ្ជបណ្ឌិត ឃី សុខខេង បញ្ជាក់ទៀតថា ក្រៅពីផ្តល់ការចាក់វ៉ាក់សាំងកូវីដ-១៩ មនី្ទរពេទ្យបង្អែក ក៏មានផ្តល់សេវាកម្មជាច្រើន ជូនបងប្អូនប្រជាពលរដ្ឋ ដូចជា៖ជំងឺមិនឆ្លង ទឹកនោមផ្អែម លើសសម្ពាធឈាម ជំងឺកាមរោគ ជំងឺអេដស៍ ផ្នែកជំងឺទូទៅ ផ្នែកសម្ភព និងពិនិត្យផ្ទៃពោះ ជាពិសេសចាប់ពីខែឧសភានេះ គឺជារដូវគ្រុនឈាម សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្ន៕
វីដែអូ