ថ្ងៃសៅរ៍ ទី២៤ ខែឧសភា ឆ្នាំ២០៥០
ទំនាក់ទំនង ចាងហ្វាងការផ្សាយ តេម ស៊ុយ​ ទូរស័ព្ទ .015 88 56 41 / 010 47 90 93 / 012 76 47 88
សម្ដេចធិបតី សាទរនាវាដឹកទំនិញតាមផ្លូវដឹកជញ្ជូនត្រង់ពីកំពង់ផែ Wuxi ប្រទេសចិនមកកាន់កំពង់ផែព្រះសីហនុ
Thu,22 May 2025 (Time 05:04 PM)
ដោយ ៖ Srey Sambath (ចំនួនអ្នកអាន: 6នាក់)

ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ពិធីអបអរសាទរទទួលបានក្រុមហ៊ុនវិនិយោគចំនួន ២០០ និងជួបសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុនៅព្រឹកនេះដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បានបង្ហាញការអបអរសាទរ ខណៈកាលពីថ្ងៃទី១៨ ខែឧសភានេះ នាវាដឹកទំនិញខ្នាតធំ បានដឹកទំនិញតាមផ្លូវដឹកជញ្ចូនត្រង់ពីកំពង់ផែ Wuxi ប្រទេសចិន មកកាន់កំពង់ផែព្រះសីហនុជាលើកដំបូងដែលលទ្ធផលនេះកើតចេញពីការអភិវឌ្ឍកំពង់ផែព្រះសីហនុ និងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន។

ក្នុងឱកាសនោះ សម្ដេចធិបតី បានរម្លឹកឡើងពីគោលនយោបាយរបស់រាជរដ្ឋាភិបាលកំពុងដាក់ចេញជាដំណាក់កាលៗ ដើម្បីអភិវឌ្ឍ និងពង្រីកកំពង់ផែទឹកជ្រៅនៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ សម្ដេចមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានគិតគូរលើការកាត់ចេញនូវនីតិវិធីផ្សេងៗ ដើម្បីឱ្យទាក់ទាញនាវាឱ្យចូលមកកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាន់តែច្រើន តាមរយៈការដឹកជញ្ជូនត្រង់ដោយពុំចាំបាច់ចូលទៅកាន់ប្រទេសជិតខាងនាំឱ្យខាតពេល និងខាតបង់ថវិកា។

សូមជម្រាបថា តាមរយៈគោលនយោបាយរបស់រាជរដ្ឋាភិបាលនៃការអភិវឌ្ឍសមត្ថភាពផែនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) បាននាំឲ្យបរិមាណកុងតឺន័រឆ្លងកាត់កើនយ៉ាងគំហុកនៅក្នុងឆ្នាំ២០២៤កន្លងទៅ។ ការណ៍នេះបានជំរុញឲ្យប្រាក់ចំណេញសុទ្ធក្រោយបង់ពន្ធកើនឡើងជិត១៥០០ភាគរយ ដល់ជាង ៦៣,៤៨ ពាន់លានរៀល។ នេះបើតាមរបាយការណ៍លទ្ធផលអាជីវកម្ម និងរបាយការណ៍ ហិរញ្ញវត្ថុ របស់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ៕

វីដែអូ