ថ្ងៃច័ន្ទ ទី១៤ ខែកក្កដា ឆ្នាំ២០៥០
ទំនាក់ទំនង ចាងហ្វាងការផ្សាយ តេម ស៊ុយ​ ទូរស័ព្ទ .015 88 56 41 / 010 47 90 93 / 012 76 47 88
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រៀបចំពិធីអបអរសាទរការចុះ “បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព” ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
Sun,13 July 2025 (Time 04:58 PM)
ដោយ ៖ Srey Sambath (ចំនួនអ្នកអាន: 9នាក់)

នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង៧:០០នាទីព្រឹក នៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំកម្មវិធីអបអរសាទរការចុះ “បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព” ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ក្រោមអធិបតីភាពឯកឧត្ដម ហាប់ ទូច រដ្ឋមន្ត្រីស្តីទីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងសិស្សានុសិស្ស ប្រមាណជាង ៣០០នាក់ ។
សូមបញ្ជាក់ជូនថា បូជនីយដ្ឋានចងចាំនៃកម្ពុជា ត្រូវបានគណ:កម្មាធិការបេតិកភណ្ឌពិភពលោក អនុម័តចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ តាមសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា នាសម័យប្រជុំលើកទី៤៧ នៅទីក្រុងបារីស សាធារណរដ្ឋបារាំង នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥។
ជោគជ័យនៃការចុះ “បូជនីយដ្ឋានចងចាំនៃកម្ពុជា” ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដែលមានទីតាំងចំនួន៣ រួមមាន៖ អតីតមន្ទីរឃុំឃាំង ម១៣ (ស្ថិតនៅព្រំប្រទល់ខេត្តកំពង់ឆ្នាំងនិងខេត្តកំពង់ស្ពឺ), សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និង មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក (ស្ថិតនៅរាជធានីភ្នំពេញ) គឺកើតចេញពីគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលតែងតែផ្តល់អាទិភាពខ្ពស់ដល់កិច្ចអភិរក្ស និងការអភិវឌ្ឍបេតិកភណ្ឌជាតិប្រកបដោយ ចីរភាព រួមទាំងការការពារសច្ចភាពប្រវត្តិសាស្ត្ររបស់ជាតិ។
ការចុះ “បូជនីយដ្ឋានចងចាំនៃកម្ពុជា” ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក គឺជាមោទនភាពជាតិដ៏ធំធេងថ្មីមួយទៀត សម្រាប់ប្រជាជននិងប្រជាជាតិកម្ពុជា នៅលើឆាកអន្តរជាតិ និងជាគំរូមួយសម្រាប់ពិភពលោក បង្ហាញពីការតស៊ូដ៏យូរអង្វែងរបស់កម្ពុជា ការផ្សះផ្សាជាតិ ស្មារតីសាមគ្គីរួបរួមជាតិ ការស្វែងរកយុត្តធម៌ជូនជនរងគ្រោះ និងការកសាងសន្តិភាព ជាពិសេសតាមរយៈ នយោបាយឈ្នះ ឈ្នះ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានប្រែក្លាយប្រទេសកម្ពុជាពី “វាលពិឃាដ” មកជា “ទឹកដីនៃសន្តិភាព” ដែលជារតនវត្ថុមិនអាចកាត់ថ្លៃបានសម្រាប់ប្រជាជាតិនិងប្រជាជនយើង ក្នុងការកសាងសន្តិភាព និងការអភិវឌ្ឍជាតិលើគ្រប់វិស័យ។

វីដែអូ